Skip to main content

ស្វ័យសិក្សា នីតិព្រហ្មទណ្ឌទូទៅ: មាតិកាទី១ ច្បាប់ព្រហ្មទណ្ឌ និង បទល្មើសព្រហ្មទណ្ឌ / ជំពូកទី២ បទល្មើសព្រហ្មទណ្ឌ (ភាគ១២) (ចប់ជំពូកទី២នេះ)

 


ស្វ័យសិក្សា នីតិព្រហ្មទណ្ឌទូទៅ: មាតិកាទី១ ច្បាប់ព្រហ្មទណ្ឌ និង បទល្មើសព្រហ្មទណ្ឌ /  ជំពូកទី២ បទល្មើសព្រហ្មទណ្ឌ (ភាគ១២) (ចប់ជំពូកទី២នេះ) 

 

២. បទល្មើសទម្រង់ ឬ បទល្មើសរូបភាព

រាល់បទល្មើសដែលចារីបានសម្រេចឡើង ទោះបីជាលទ្ធផលដែលជនល្មើសចង់បាន បែរជាមិនបានក៏ដោយ ក៏អាចត្រូវផ្ដន្ទាទោស បានដែរ ដោយមិនគិតពីលទ្ធផលឡើយ ដែលនេះហើយគេហៅថា បទល្មើសទម្រង់ ឬ បទល្មើសរូបភាព។

ឧទាហរណ៍

បទសម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង លទ្ធផលដែលចារីចង់បានគឺកុំឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ក៏ប៉ុន្តែបើទោះជាលទ្ធផលនេះ បានសម្រេចដូចបំណងរបស់ចារី (ជនរងគ្រោះមិនដាក់ពាក្យបណ្ដឹង) ឬមិនបានដូចបំណងរបស់ចារី (ជនរងគ្រោះនៅតែដាក់ពាក្យ បណ្ដឹង) ក៏បទល្មើសបានកើតឡើងហើយ ព្រោះថាសកម្មភាពញុះញង់ ឬគំរាមកំហែងរបស់ចារី​ទៅលើជនរងគ្រោះ គឺមានធាតុគ្រប់ គ្រាន់បង្កើតទៅជាបទល្មើស ដែលសកម្មភាពទាំងនេះហើយនាំឱ្យមានបទល្មើសទម្រង់ ឬបទល្មើសរូបភាព។

៣. ផលប្រយោជន៍នៃការបែងចែក

ការបែងចែកបទល្មើសសម្ភារៈ និងបទល្មើសទម្រង់ ឬ បទល្មើសរូបភាព គឺមានសារៈប្រយោជន៍ក្នុងការស្វែងរកភស្តុតាងបញ្ជាក់ ពីបទល្មើស ជាក់ស្ដែងបទល្មើសសម្ភារៈ ត្រូវរកភស្តុតាងពីអំពើផង និង លទ្ធផលនៃអំពើផង។ ចំណែកឯ បទល្មើសទម្រង់វិញ គ្រាន់តែរកភស្តុតាងពី អំពើល្មើសគឺគ្រប់គ្រាន់ហើយ។

ផ្នែកទី៣. ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើស

ដើម្បីឱ្យកាន់តែច្បាស់ពីចំណុចនេះ យើងគប្បីសិក្សាទៅលើបទល្មើសដោយចេតនា និង បទល្មើសដោយអចេតនា។

បទល្មើសដោយចេតនា

បទល្មើសដោយចេតនា គឺជាបទល្មើសដែលចារីមានចេតនាប្រព្រឹត្តបទល្មើស ហើយបើសិនជារកមិនឃើញចេតនាប្រព្រឹត្ត បទល្មើសរបស់ចារីទេ គឺពុំមានបទល្មើសណាមួយកើតឡើងទេ។

ឧទាហរណ៍

សុខ ខឹងមិត្តខ្លួន ក៏វាយមិត្តខ្លួនមួយដៃប៉ោងភ្នែក នេះគឺជាបទហិង្សា ដែលសុខ ប្រព្រឹត្តឡើងដោយចេតនា។

បទល្មើសដោយអចេតនា

បទល្មើសដោយអចេតនា គឺជាបទល្មើសដែលចារីមានចេតនាប្រព្រឹត្តអំពើដែលកើតចេញពី ការខ្ជីខ្ជា ការមិនប្រុសប្រយ័ត្ន ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ តែចារីគ្មានបំណងប្រព្រឹត្តបទល្មើសទេ គ្រាន់តែអំពើរបស់ចារី គឺជាបទល្មើស​ ព្រោះថាបានបង្កនូវព្យសនកម្មដល់សង្គម។

ឧទាហរណ៍

ពូចិត បើកឡានបណ្ដើរលើកទូរស័ព្ទបណ្ដើរ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតបុកកង់ពូស្រូយ បណ្ដាលឱ្យពូស្រូយស្លាប់ ហេតុនេះ ពូសុខត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ​ពីបទមនុស្សឃាតដោយអចេតនា ពីព្រោះថា ពូចិតមានចេតនាប្រព្រឹត្តអំពើល្មើស ដែលកើតចេញពី

កំហុសអចេតនា (ការខ្ជីខ្ជា ការមិនប្រុសប្រយ័ត្ន ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ) ក៏ប៉ុន្តែតែពូស្រូយពុំមានចេតនាប្រព្រឹត្ត បទល្មើសទេ ដែលនេះហើយគេហៅថា បទល្មើសដោយអចេតនា។  

Comments

Popular posts from this blog

ជំពូកទី៣ ប្រភេទនៃនិតិព្រហ្មទណ្ឌ និងជំពូកទី៤ ប្រវត្តិនៃនីតិព្រហ្មទណ្ឌ

  ជំពូកទី៣ ប្រភេទនៃនីតិព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌ គឺជាផ្នែកមួយនៃនីតិសាធារណៈ ពីព្រោះនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ គឺសង្កេតឃើញមានការលូកដៃអន្តរាគមន៍ពី រដ្ឋដែលការពារប្រយោជន៍សាធារណៈ។ ក៏ប៉ុន្តែ នៅក្នុងរឿងក្ដីព្រហ្មទណ្ឌ គេក៏សង្កេតឃើញមានទំនាក់ទំនងរវាងជនល្មើស និង ជនរងគ្រោះ ដែលទាក់ទងនឹងការជុលជល់សំណងព្យសនកម្មដែលមានលក្ខណៈជាឯកជន ហេតុនេះហើយបានជាគេហ៊ានអះអាងថា នីតិព្រហ្មទណ្ឌគឺជានីតិចម្រុះ ទាំងនីតិសាធារណៈ និង នីតិឯកជននៅលាយលំបញ្ចូលគ្នា។ តែទោះជាយ៉ាងណាក៏ដោយ បើយើងសិក្សាឱ្យស៊ីជម្រៅនៅក្នុងថា្នក់បណ្ឌិតច្បាប់ នីតិព្រហ្មទណ្ឌភាគច្រើនគឺផ្ដោតតែទៅលើ នីតិសាធារណៈ ពោលគឺ មុខជំនាញដែលសិក្សាភាគច្រើនផ្ដោតលើតែនីតិសាធារណៈប៉ុណ្ណោះ។ ជំពូកទី៤  ប្រវត្តនីតិព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌ បានយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីយូរលង់ណាស់មកហើយ តាំងពីមុនបារាំងមក ធ្វើអាណាព្យាបាល និងដាក់អាណានិគមលើប្រទេសកម្ពុជាទៅទៀត ជាក់ស្ដែងដូចជា ការកប់មនុស្សទាំងរស់នៅសម័យអង្គរ ការកាត់ដៃជើងនៅសម័យចេនឡាជាដើម។ បន្ថែមពីលើនេះ នៅពេលដែលបារាំងដាក់អាណានិគមលើខ្មែរ ទោសបំបរបង់ ដែលជា ទោសថ្មីមួយក៏បានបង្កើតឡើង តែមកដល់សម័យបច្ចុប្បន្ននេះទោសបំបរបង់ត្រូវបានលុបបំបាត់ហើយ។

សិក្សានីតិព្រហ្មទណ្ឌ ជំពូកទី១ និងទី២

សេចក្ដីផ្ដើម ជំពូកទី១ អត្ថន័យនៃនីតិព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌ គឺជាផ្នែកមួយនៃនីតិដែលសិក្សាទៅលើ ការកំណត់បទល្មើស ការស្វែងរកបទល្មើស ការស្វែងរកពិរុទ្ធភាព ឬភាពស្លូតត្រង់របស់ជនល្មើស ការចោទប្រកាន់ ការស៊ើបសួរ ការជំនុំជម្រះ ការប្រកាស់ទោស និងការអនុវត្តទោសជាដើម។ នៅក្នុងន័យចង្អៀត នីតិព្រហ្មទណ្ឌ គឺជាសារវ័ន្តនៃវិធានគតិយុត្តដែលកំណត់ពីទណ្ឌកម្ម។ ដោយឡែក នៅក្នុងន័យទូលាយវិញ នីតិព្រហ្មទណ្ឌ គឺជាបណ្ដុំលិខិតបទដ្ឋានគតិយុត្តដែលចែងដោយរដ្ឋអំណាចដើម្បីបង្រ្កាបបទល្មើស។ កម្មវត្ថុនៃនីតិព្រហ្មទណ្ឌ ដែលធំបំផុតគឺជាបទល្មើសដែលបង្កគ្រោះថ្នាក់ដល់សង្គម ហេតុនេះ ដើម្បីបង្រ្កាប់នឹងទប់ស្កាត់បទល្មើស ទើបបានជាអ្នកនីតិបញ្ញត្តិបង្កើតនីតិព្រហ្មទណ្ឌនេះឡើង។ បញ្ជាក់ មូលហេតុដែលនាំឱ្យមានការបង្កើតនីតិព្រហ្មទណ្ឌគឺៈ -  អំពើ ឬ ទំនាក់ទំនងមួយចំនួនក្នុងសង្គម បានបង្កគ្រោះថ្នាក់ដល់សង្គម ពោលគឺការប្រើប្រាស់សេរីភាពហួសដែនកំណត់។ -  ដាក់ទណ្ឌកម្មលើជនដែលប្រព្រឹត្តខុសឱ្យកែប្រែខ្លួននៅក្នុងពន្ធនាគារ ឬអប់រំកែប្រែជនល្មើសឱ្យក្លាយខ្លួនជាមនុស្សល្អឡើងវិញ ក្រោយពេលចេញពីពន្ធនាគារ។ គេបង្កើតនីតិព្រហ្មទណ្ឌឡើងគឺដើម្បីៈ -  បង្រ្កាបអំពើល្មើសដែលបង្កគ្រោះថ្នាក់ដល់សង្គមទាំងមូល