Skip to main content

សិក្សានីតិព្រហ្មទណ្ឌ ជំពូកទី១ និងទី២



សេចក្ដីផ្ដើម

ជំពូកទី១

អត្ថន័យនៃនីតិព្រហ្មទណ្ឌ

នីតិព្រហ្មទណ្ឌ គឺជាផ្នែកមួយនៃនីតិដែលសិក្សាទៅលើ ការកំណត់បទល្មើស ការស្វែងរកបទល្មើស ការស្វែងរកពិរុទ្ធភាព ឬភាពស្លូតត្រង់របស់ជនល្មើស ការចោទប្រកាន់ ការស៊ើបសួរ ការជំនុំជម្រះ ការប្រកាស់ទោស និងការអនុវត្តទោសជាដើម។

នៅក្នុងន័យចង្អៀត នីតិព្រហ្មទណ្ឌ គឺជាសារវ័ន្តនៃវិធានគតិយុត្តដែលកំណត់ពីទណ្ឌកម្ម។ ដោយឡែក នៅក្នុងន័យទូលាយវិញ នីតិព្រហ្មទណ្ឌ គឺជាបណ្ដុំលិខិតបទដ្ឋានគតិយុត្តដែលចែងដោយរដ្ឋអំណាចដើម្បីបង្រ្កាបបទល្មើស។

កម្មវត្ថុនៃនីតិព្រហ្មទណ្ឌ ដែលធំបំផុតគឺជាបទល្មើសដែលបង្កគ្រោះថ្នាក់ដល់សង្គម ហេតុនេះ ដើម្បីបង្រ្កាប់នឹងទប់ស្កាត់បទល្មើស ទើបបានជាអ្នកនីតិបញ្ញត្តិបង្កើតនីតិព្រហ្មទណ្ឌនេះឡើង។

បញ្ជាក់

មូលហេតុដែលនាំឱ្យមានការបង្កើតនីតិព្រហ្មទណ្ឌគឺៈ

អំពើ ឬ ទំនាក់ទំនងមួយចំនួនក្នុងសង្គម បានបង្កគ្រោះថ្នាក់ដល់សង្គម ពោលគឺការប្រើប្រាស់សេរីភាពហួសដែនកំណត់។

ដាក់ទណ្ឌកម្មលើជនដែលប្រព្រឹត្តខុសឱ្យកែប្រែខ្លួននៅក្នុងពន្ធនាគារ ឬអប់រំកែប្រែជនល្មើសឱ្យក្លាយខ្លួនជាមនុស្សល្អឡើងវិញ ក្រោយពេលចេញពីពន្ធនាគារ។

គេបង្កើតនីតិព្រហ្មទណ្ឌឡើងគឺដើម្បីៈ

បង្រ្កាបអំពើល្មើសដែលបង្កគ្រោះថ្នាក់ដល់សង្គមទាំងមូល ឬបង្រ្កាបអំពើផ្ទុយនឹងច្បាប់។

បង្ការកុំឱ្យមានបទល្មើសកើនឡើង ឬកាត់បន្ថយបទល្មើសក្នុងសង្គម តាមរយៈការដាក់ទណ្ឌកម្មដែលធ្វើឱ្យសមាជិកសង្គម មានការភ័យខ្លាចលែងហ៊ានប្រព្រឹត្តបទល្មើស។

ជំពូកទី២

ការបែងចែកនីតិវិធីព្រហ្មទណ្ឌ

នីតិព្រហ្មទណ្ឌត្រូវបានបែងចែកជា៤មុខវិជ្ជាធំៗគឺៈ

នីតិព្រហ្មទណ្ឌទូទៅ

នីតិព្រហ្មទណ្ឌទូទៅ គឺសិក្សាទៅលើឬសគល់នៃនីតិព្រហ្មទណ្ឌ ពោលគឺសិក្សាទៅលើគោលការណ៍ទូទៅ ដែលទាក់ទងនឹង បទល្មើស ការទទួលខុសត្រូវព្រហ្មទណ្ឌ និងទោស។

នីតិព្រហ្មទណ្ឌពិសេស

នីតិព្រហ្មទណ្ឌពិសេស គឺសិក្សាទៅលើបទល្មើសនីមួយៗយ៉ាងជាក់ស្ដែង ឬសិក្សាទៅលើធាតុផ្សំនៃបទល្មើសនីមួយៗឱ្យស៊ី ជម្រៅ។

នីតិវិធីព្រហ្មទណ្ឌ

នីតិវិធីព្រហ្មទណ្ឌ គឺសិក្សាទៅលើវិធាន ឬបទបញ្ញត្តិនានាដែលត្រូវលើកយកមកបង្រ្កាបបទល្មើសព្រហ្មទណ្ឌ ពោលគឺសិក្សា ទៅលើដំណើរការបង្រ្កាបបទល្មើសតាំងពីដើមរហូតដល់សាលក្រម ឬ សាលដីកា ចូលជាស្ថាពរ។ ក៏ប៉ុន្តែ ក្នុងសៀវភៅខ្លះ គឺមិនបាននិយាយដល់សាលក្រមឬសាលដីកានោះទេ គឺនិយាយដល់ត្រឹមសវនាការតែប៉ុណ្ណោះ។  

នីតិព្រហ្មទណ្ឌអន្តរជាតិ

នីតិព្រហ្មទណ្ឌអន្តរជាតិ គឺសិក្សាពីបទល្មើសដែលមានលក្ខណៈជាអន្តរជាតិ ដូចជា បទល្មើសឆ្លងដែនជាដើម។ ហេតុនេះ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសដែលមានលក្ខណៈជាអន្តរជាតិ  ទើបអង្គការសហប្រជាជាតិធ្វើមហាសន្និបាត តម្រូវឱ្យ ប្រទេសនីមួយៗមានច្បាប់គ្រប់គ្រងសង្គមរៀងៗខ្លួន ដើម្បីសហការគ្នាបង្រ្កាបបទល្មើសភេរវកម្ម ដោយឈរលើគោលការណ៍ នេះ ទើបរដ្ឋនិងរដ្ឋសហការគ្នាដោយមានការធ្វើ “បត្យាប័ន” បញ្ចូនជនល្មើសមកកាត់ទោសនៅប្រទេសដែលជាទីតាំង បទល្មើសកើតឡើង។ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌខ្មែរ ចាប់ពីមាត្រា៥៦៦ឡើងទៅ ក៏មាននិយាយពីបត្យាប័នផងដែរ។  

ក្រៅពីនីតិព្រហ្មទណ្ឌដែលបានរៀបរាប់ខាងលើនេះ  ក៏នៅមាននីតិព្រហ្មទណ្ឌនិងមុខវិជ្ជាផ្សេងទៀត  ដែលសិក្សាទៅឃើញថាមាន ជាប់ទាក់ទងនឹងផ្នែកព្រហ្មទណ្ឌ។

នីតិព្រហ្មទណ្ឌអនីតិជន

នីតិព្រហ្មទណ្ឌអនីតិជន គឺសិក្សាទៅលើវិធានការពិសេស ដែលទាក់ទងនឹងអនីតិជន ដូចជាការដាក់ទណ្ឌកម្ម និងវិធានការ ការពារជាដើម។

ឧក្រិដ្ឋវិទ្យា

ឧក្រិដ្ឋវិទ្យា គឺសិក្សាទៅលើមូលហេតុទាំងឡាយ ដែលនាំឱ្យមានការប្រព្រឹត្តបទល្មើស និងសិក្សាពីរបៀបបង្ការ និងទប់ស្កាត់ មូលហេតុដែលនាំឱ្យមានបទល្មើសកើតឡើង។ មូលហេតុទាំងនេះ អាចកើតចេញពី កត្តាសង្គម កត្តាគ្រួសារ កត្តាបុគ្គល និងកត្តាផ្សេងៗទៀត។

ឧក្រិដ្ឋនិច្ឆ័យ

ឧក្រិដ្ឋនិច្ឆ័យ គឺសិក្សា លើការស្វែងរកជនល្មើស ដោយការប្រើប្រាស់បច្ចេកទេស ដែលប្រើប្រាស់ក្នុងប្រព័ន្ធតុលាការ ក្នុងការស្វែងរកជនល្មើស ដូចជាការគូរមុខជនល្មើសជាដើម។ មុខវិជ្ជាដែលស្ថិតក្នុងឧក្រិដ្ឋវិន្ឆ័យរួមមានៈ វេជ្ជសាស្រ្តច្បាប់ នគរបាលខាងផ្នែកបច្ចេកទេស និងចិត្តសាស្រ្ត។  

ចិត្តវិជ្ជា

ចិត្តវិជ្ជា គឺសិក្សាទៅលើផ្នែកចិត្តសាស្រ្ត ដែលបង្កើតភាពងាយស្រួលដល់ចៅក្រមក្នុងការសម្រេចរឿងក្ដី ឬ ដើម្បីងាយស្រួល ក្នុងការបង្ហាញមុខសញ្ញាដែលប្រព្រឹត្តបទល្មើស។

សង្គមវិជ្ជា

សង្គមវិជ្ជា គឺសិក្សាទៅលើមនុស្ស និងសង្គមដែលទាក់ទងនឹងបទល្មើស ពោលគឺ សិក្សាទៅលើកត្តាមួយចំនួនដែលមាន ទំនាក់ទំនងរវាងមនុស្ស និងសង្គមដែលបង្កទៅជាបទល្មើស ។

ពន្ធនាគារសាស្រ្ត

ពន្ធនាគារសាស្រ្ត គឺសិក្សាទៅលើទោសព្រហ្មទណ្ឌ វិធានក្នុងការអនុវត្តទោស វិធីសាស្រ្តដើម្បីអនុវត្តទោស និងសិក្សាផងដែរ ពិឧក្រិដ្ឋតិកិច្ជាវិទ្យា (វិធីសាស្រ្តពេទ្យ ឬវិធីផ្សេងទៀតដែលអាចទប់ស្កាត់ភាពមិនរៀងចាលរបស់ជនល្មើស)។ ដូចជា រកមុខ ជំនាញឱ្យជនល្មើសជាដើម។

នយោបាយព្រហ្មទណ្ឌ

នយោបាយព្រហ្មទណ្ឌ គឺការផ្ដល់ឱកាស់ដល់ជនល្មើស ដែលចេញមុខសារភាពកំហុស និងបញ្ឈប់ប្រព្រឹត្តបទល្មើសមុន ការចោទប្រកាន់ធ្វើឡើង និងថែមទាំងសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកជនល្មើសដទៃផ្សេងទៀត និងបង្ការមិនឱ្យ បទល្មើសបានសម្រេច ឬទប់ស្កាត់មិនឱ្យបទល្មើសកើតឡើងទៀតផង។ ហេតុនេះ ជនល្មើសណាដែលបានប្រព្រឹត្តតាម ទម្រង់ខាងលើ ច្រើនតែទទួលបានការអនុគ្រោះពីព្រហ្មទណ្ឌ។

Comments

Popular posts from this blog

ជំពូកទី៣ ប្រភេទនៃនិតិព្រហ្មទណ្ឌ និងជំពូកទី៤ ប្រវត្តិនៃនីតិព្រហ្មទណ្ឌ

  ជំពូកទី៣ ប្រភេទនៃនីតិព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌ គឺជាផ្នែកមួយនៃនីតិសាធារណៈ ពីព្រោះនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ គឺសង្កេតឃើញមានការលូកដៃអន្តរាគមន៍ពី រដ្ឋដែលការពារប្រយោជន៍សាធារណៈ។ ក៏ប៉ុន្តែ នៅក្នុងរឿងក្ដីព្រហ្មទណ្ឌ គេក៏សង្កេតឃើញមានទំនាក់ទំនងរវាងជនល្មើស និង ជនរងគ្រោះ ដែលទាក់ទងនឹងការជុលជល់សំណងព្យសនកម្មដែលមានលក្ខណៈជាឯកជន ហេតុនេះហើយបានជាគេហ៊ានអះអាងថា នីតិព្រហ្មទណ្ឌគឺជានីតិចម្រុះ ទាំងនីតិសាធារណៈ និង នីតិឯកជននៅលាយលំបញ្ចូលគ្នា។ តែទោះជាយ៉ាងណាក៏ដោយ បើយើងសិក្សាឱ្យស៊ីជម្រៅនៅក្នុងថា្នក់បណ្ឌិតច្បាប់ នីតិព្រហ្មទណ្ឌភាគច្រើនគឺផ្ដោតតែទៅលើ នីតិសាធារណៈ ពោលគឺ មុខជំនាញដែលសិក្សាភាគច្រើនផ្ដោតលើតែនីតិសាធារណៈប៉ុណ្ណោះ។ ជំពូកទី៤  ប្រវត្តនីតិព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌ បានយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីយូរលង់ណាស់មកហើយ តាំងពីមុនបារាំងមក ធ្វើអាណាព្យាបាល និងដាក់អាណានិគមលើប្រទេសកម្ពុជាទៅទៀត ជាក់ស្ដែងដូចជា ការកប់មនុស្សទាំងរស់នៅសម័យអង្គរ ការកាត់ដៃជើងនៅសម័យចេនឡាជាដើម។ បន្ថែមពីលើនេះ នៅពេលដែលបារាំងដាក់អាណានិគមលើខ្មែរ ទោសបំបរបង់ ដែលជា ទោសថ្មីមួយក៏បានបង្កើតឡើង តែមកដល់សម័យបច្ចុប្បន្ននេះទោសបំបរបង់ត្រូវបានលុបបំបាត់ហើយ។

ស្វ័យសិក្សា នីតិព្រហ្មទណ្ឌទូទៅ: មាតិកាទី១ ច្បាប់ព្រហ្មទណ្ឌ និង បទល្មើសព្រហ្មទណ្ឌ / ជំពូកទី២ បទល្មើសព្រហ្មទណ្ឌ (ភាគ១២) (ចប់ជំពូកទី២នេះ)