ជំពូកទី៣ ប្រភេទនៃនីតិព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌ គឺជាផ្នែកមួយនៃនីតិសាធារណៈ ពីព្រោះនៅក្នុងរឿងក្ដីព្រហ្មទណ្ឌ គឺសង្កេតឃើញមានការលូកដៃអន្តរាគមន៍ពី រដ្ឋដែលការពារប្រយោជន៍សាធារណៈ។ ក៏ប៉ុន្តែ នៅក្នុងរឿងក្ដីព្រហ្មទណ្ឌ គេក៏សង្កេតឃើញមានទំនាក់ទំនងរវាងជនល្មើស និង ជនរងគ្រោះ ដែលទាក់ទងនឹងការជុលជល់សំណងព្យសនកម្មដែលមានលក្ខណៈជាឯកជន ហេតុនេះហើយបានជាគេហ៊ានអះអាងថា នីតិព្រហ្មទណ្ឌគឺជានីតិចម្រុះ ទាំងនីតិសាធារណៈ និង នីតិឯកជននៅលាយលំបញ្ចូលគ្នា។ តែទោះជាយ៉ាងណាក៏ដោយ បើយើងសិក្សាឱ្យស៊ីជម្រៅនៅក្នុងថា្នក់បណ្ឌិតច្បាប់ នីតិព្រហ្មទណ្ឌភាគច្រើនគឺផ្ដោតតែទៅលើ នីតិសាធារណៈ ពោលគឺ មុខជំនាញដែលសិក្សាភាគច្រើនផ្ដោតលើតែនីតិសាធារណៈប៉ុណ្ណោះ។ ជំពូកទី៤ ប្រវត្តនីតិព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌ បានយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីយូរលង់ណាស់មកហើយ តាំងពីមុនបារាំងមក ធ្វើអាណាព្យាបាល និងដាក់អាណានិគមលើប្រទេសកម្ពុជាទៅទៀត ជាក់ស្ដែងដូចជា ការកប់មនុស្សទាំងរស់នៅសម័យអង្គរ ការកាត់ដៃជើងនៅសម័យចេនឡាជាដើម។ បន្ថែមពីលើនេះ នៅពេលដែលបារាំងដាក់អាណានិគមលើខ្មែរ ទោសបំបរបង់ ដែលជា ទោសថ្មីមួយក៏បានបង្កើតឡើង តែមកដល់សម័យបច្ចុប្បន្ននេះទោសបំបរបង់ត្រូវបានលុបបំបាត់ហើយ។
Comments
Post a Comment